ការធ្វើបុណ្យកឋិន



លំដាប់ដំណតភ្ជាប់អំពីបទនមមស្សការនេះទៅ អាត្មាភាពសូមលើយក ពាក្យថា “កឋិន” កឋិននេះមកសម្តែងវែកញែកចែកជូនដល់អស់លោកអ្នកជាពុទ្ធ បរិស័ទទាំងឡាយដូចតទៅៈ

ពាក្យថា កឋិនស័ព្ទនេះ បើតាមអដ្ឋកថាលោកសម្តែងយកពុទ្ធដីកា ដែល ព្រះសម្មាសម្ពុទ្ធទ្រង់សម្តែងបញ្ញត្តិទុកមកថា ការប្រជុំរួបរួមរូបធម៌ និងនាមធម៌ ហៅថា កឋិន លោកពន្យល់ថា មកពី កថៈធាតុ ដែលប្រព្រឹត្តទៅក្នុងអត្ថទាំងពីរ យ៉ាងៈ

១-ប្រែថា “រស់នៅបានដោយកម្រ” សមដូចវិគ្គហៈថា កថតិ កិច្ឆេន ជីវិតីតិ    កថិនោ សភាវៈឯណារស់បានដោយកម្រសភាវៈនោះហៅថា កឋិន ព្រោះលោក ប្រៀបថាដូចជាឈើស្នឹងដែលបុគ្គលកាត់ចេញពីដើម ហើយយកទៅបោះភ្ជាប់ នឹងដីរមែងដុះលូតលាស់ ឬរស់នៅបានដោយកម្រយ៉ាងណា ឯកិច្ចដែលនឹង កើតឡើង ឬតាំង ជាកឋិនពេញទី គឺបានដោយកម្រពេកណាស់ក៏យ៉ាងនោះដែរ ។

២-ប្រែថា “ពោលសរសើរ” ព្រោះចីវរទានដែលយើងបានកសាងជាកឋិន នោះ ជាទានវិសេសជាងទានដទៃៗ ដែលព្រះអរិយៈទាំងឡាយ មានព្រះពុទ្ធជា ប្រធានតែងពោលសរសើរថា ជាទានវិសេសអាចរួបរួម ឬសង្រ្គោះនូវអានិសង្ស ៥យ៉ាង​របស់ភិក្ខុ ជាអ្នកក្រាលគ្រងមិនអោយទៅត្រង់ទីដទៃបាន សមនិងវិគ្គហៈថា បញ្ច អានិសង្សេ អញ្ញត្ថគន្តំ អទត្វា កថតិ សង្គណ្ហាតីតិ កថិនំ ប្រែថា ធម្មជាតិ ឯណាក្រៀកទុក ឬសង្គ្រោះនូវអានិសង្សទាំង៥ មិនឲ្យទៅទីដទៃបានធម្មជាតិនោះ ឈ្មោះថា “កថិន” កឋិននេះអាចឲ្យសម្រេចផលដល់បុគ្គលទាំងអនាគតដែលខ្លូន ត្រូវបាន មានការទទួលនៅសម្បត្តិឋានទេវលោកជាដើម ចំណែកបដិគ្គាហកៈ គឺភិក្ខុអ្នកទទួលក្រាលគ្រងកឋិន និងបុគ្គលគហៈព្រមទាំងសង្ឃ ដែលបាន អនុមោទនាកឋិន ក៏សម្រេចនូវអានិសង្សទាំង៥ប្រការពេញលេញគ្រប់គ្រាន់ដរាប ដល់រយៈកាលនៃកឋិនខេត្ត ។

 ​​     ដើមហេតុដែលនាំឲ្យកើតកឋិនទាននេះ ដោយមាននិទានថា សម័យថ្ងៃមួយ នោះ នៅក្នុងរវាងមជ្ឈឹមពោធិកាល ព្រះដ៏មានព្រះភាគទ្រង់នៅក្នុងវត្តជេតពន ដែលជាអារាមរបស់អនាថបណ្ឌិកសេដ្ឋីសាងថ្វាយទៀបក្រុងសាវត្ថីគ្រានោះភិក្ខុ ៣០អង្គមានឈ្មោះថា ភទ្ទវគ្គិយត្ថេរ ក្នុងដែនបាថេយ្យ ជាអ្នកប្រព្រឹត្តនៅក្នុងព្រៃ ។ ល ។ ក៏នាំចេញពីទីនោះមកក្រុងសាវត្ថីដើម្បីគាល់បំរើព្រះមានព្រះភាគ ទើបតែ មកដល់ពាក់កណ្តាលផ្លូវ ជួនជាដល់ថ្ងៃចូលព្រះវស្សា នឹងស្រូតមកមិនទាន់ក៏នាំ គ្នាស្វែងរកសេនាសនៈនៅចាំវស្សាទៀបក្រុងសាកេតនាពាក់កណ្តាលផ្លូវនោះទៅ ភិក្ខុទាំងនោះមានសេចក្តីអផ្សុកជាខ្លាំងដោយគិតឃើញថា ព្រះមានព្រះភាគទ្រង់ គង់នៅទីនោះចម្ងាយ៦យោជន៍ទៀតសោតមិនសំយើងទាំងឡាយស្កុនដំណើរមិនបានទៅគាល់បំរើព្រះអង្គ លុះដល់ថ្ងៃចេញវស្សា បវារណាស្រេចហើយលោកក៏នាំ គ្នាស្រូតចេញអំពីទីនោះមកទៀត ទទួលរដូវនោះនៅមានភ្លៀង រលឹមដោយជោគ ជាំនៅឡើយ​ តាមផ្លូវទៅមកពោរពេញដោយទឹកនិនងភួករអិលប៉ប៉ិចប៉បាច់ ។ លុះដល់ក្រុងសាវត្ថីហើយចូលទៅកាន់វត្តជេតពន ដែលព្រះដ៏មានព្រះភាគទ្រង់ គង់នៅ ថ្វាយបង្គំព្រះដ៏មានព្រះភាគរួចស្រេចហើយក៏អង្គុយក្នុងទីដ៏សមគួរ លំដាប់នោះព្រះដ៏មានព្រះភាគទ្រង់មានព្រះបន្ទួលរាក់ទាក់ទៅកាន់ភិក្ខុទាំងនោះ ថាម្នាលភិក្ខុទាំងឡាយសិរីរយន្តរបស់អ្នកទាំងឡាយល្មមអត់សង្កត់បានដែរឬទេ ល្មមប្រព្រឹត្តទៅបានឬទេ? អ្នកទាំងឡាយមានសេចក្តីព្រមព្រៀងស្មោះស្មើឥតមាន វិវាទឈ្លោះទាស់ទែងគ្នាឬទេ? អ្នកទាំងឡាយនៅចាំព្រះវស្សាសោតស្រួលបួលមិន លំបាកដោយអាហារបិណ្ឌបាតឬទេ? ភិក្ខុទាំងឡាយក្រាបទូលតាមដំណើរនោះ រួចហើយក៏ក្របបង្គំទូលអំពីសេចក្តីលំបាករបស់ខ្លួនដែលមានមកតាមផ្លូវដោយ សព្វគ្រប់តាមដំណើរ ។ លំដាប់នោះព្រះដ៏មានព្រះភាគទ្រង់សម្តែងធម្មីកថា ប្រារព្ធអំពីសង្សារវដ្តមិនមានទីបំផុត ប្រោសប្រទានដល់ភិក្ខុទាំងនោះ លុះចប់ធម៌ ហើយ ភិក្ខុទាំងនោះក៏បានជាព្រះអរហត្តទាំងអស់អង្គ ហើយនាំគ្នាហោះទៅលើ អាកាស កាន់ទីលំនៅរបស់ខ្លួនអស់ទៅ ។ បន្ទាប់អំពីនោះព្រះដ៏មានព្រះភាគទ្រង់ តម្រិះថា បើប្រសិនជាតថាគតបានតែងតាំងកឋិនត្ថារកិច្ចទុកអំពីគ្រាមុនម្លេះសម ភិក្ខុទាំងនោះនឹងបានលះចីវរមួយទុកនៅទីកន្លែងជាប់មកតែស្បងចីពរប៉ុណ្ណោះ មានអត្ថភាពស្រាលមិនលំបាកយ៉ាងនេះសោះឡើយ ។ ហើយកឋិនត្ថារកិច្ចនេះសោតព្រះពុទ្ធទាំងឡាយរាល់ព្រះអង្គក៏តែងទ្រង់អនុញ្ញាតទុកដល់សាវកពុំដែល លះបង់ផង ព្រះដ៏មានព្រះភាគព្រះតម្រិះដូច្នោះហើយ ទើបទ្រង់ត្រាស់ហៅភិក្ខុ ទាំងឡាយមកអនុញ្ញាតកឋិនត្ថារកិច្ចនេះដោយព្រះពុទ្ធដីកាថាៈ អនុជានាមិ ភិក្ខវេ វស្សំ វុដ្ឋានំ កឋិនំ អត្ថរិតុំ អត្ថតំ កឋិនានំ វោ ភិក្ខវេ បញ្ច កប្បិស្សន្តំ ។ ម្នាលភិក្ខុទាំង ឡាយតថាគតអនុញ្ញាតឲ្យភិក្ខទាំងឡាយ ដែលបាននៅចាំវស្សារួចហើយទទួល ក្រាលគ្រងកឋិន ។​ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុទាំងឡាយបានក្រាលគ្រង កឋិន រួចហើយនឹងបានទទួលអានិសង្ស៥ប្រការៈ

ទី១-អនមន្តចារោ បើមិនទាន់អនុមោទនាកឋិនទេនិមន្តទៅភូមិមិនបានលា ភិក្ខុផងគ្នា ឬដែលភិក្ខុជាព្រះថេរទេនឹងត្រូវអាបត្តិ ។ បើបានអនុមោទនាកឋិនហើយ និមន្តទៅភូមិមិនបានលាភិក្ខុផងគ្នានៅក្នុងអាវាសក៏មិនត្រូវអាបត្តិដែរ ។

ទី២-អសមាទានចារោ អានិសង្សទី២នេះ អាចធ្វើឲ្យភិក្ខុដែលក្រាលកឋិន ហើយត្រៃទាំង៣ បើនិមន្តទៅកន្លែងណាត្រូវយកតាមទាំងអស់ បើបានអនុមោទនាកឋិនហើយ ទុកត្រៃ១កន្លែងមិនត្រូវអាបត្តិទេ ។

ទី៣-គណភោជនំ អានិសង្សទី៣នេះ បើមិនបានអនុមោទនាកឋិនទេហៅថាបាយឆាន់ទៅនឹងត្រូវអាបត្តិ ។ បើបានអនុមោទនាកឋិនហើយ ហៅថាបាយឆាន់ទៅមិនត្រូវអាបត្តិទេ ។

ទី៤-យាវទត្ថចីវរំ អានិសង្សទី៤នេះ គឺចីវរភិក្ខុបានមកហើយមិនបានវេកប្បទុកទេកំនត់ត្រឹមតែ១០ថ្ងៃ បើហូសអំពី១០ថ្ងៃទៅនឹងត្រូវអាបត្តិ បើបានអនុមោទនា កឋិនហើយមិនបានវេកប្បក៏មិនត្រូវអាបត្តិដែរ ។

ទី៥-យោចតត្ថចីវរុប្បាទោ សោនេសំ ភវិស្សតិ អានិសង្សទី៥នេះ ចីវរនិង គ្រឿងបរិក្ខាបានដល់ក្រាលគ្រងកឋិន ។

អានិសង្សកឋិននេះមានរយៈពេល៥ខែ បើផុតអំពី៥ខែទៅនឹងត្រូវអាបត្តិ ។ អង្គកឋិននេះធ្វើបានរយៈពេល១ខែចាប់តាំងពី១រោចខែអស្សុជទៅដល់១៥កើត បើហូសអំពីថ្ងៃខែនេះទៅអង្គកឋិនមិនអាចធ្វើកើតឡើយ ។ អ្នកដែលបានធ្វើកឋិន មុនគេគឺនាងបជាបតិគោតមី ។បានជាយើងនាំគ្នាធ្វើជារៀងរហូតមកដល់សព្វថ្ងៃ នេះ ៕

សូមអនុមោទនា!!!

នត្ថិ សន្តិ បរំ សុខំ !

ពុំមានសេចក្តីសុខណា ស្មើនឹងសេចក្តីស្ងប់ឡើយ !

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s