រឿងព្រះចក្ខុបាលត្ថេរ



ព្រះបរមសាស្តាទ្រង់ទេសនាប្រារព្ធព្រះថេរៈឈ្មោះចក្ខុបាល ។ កាលពីព្រះថេរៈ អង្គនេះលោកនៅជាគ្រហស្ថមិនទាន់បានចូលមកបួសនោះ លោកបានទៅស្តាប់ព្រះធម៌ ទេសនារបស់ព្រះពុទ្ធជាម្ចាស់ ហើយកើតសេចក្តីជ្រះថ្លា ក្នុងព្រះធម៌ទេសនានោះយ៉ាង ក្រៃលែងមានចិត្តប្រាថ្នាចង់បួសជាភិក្ខុក្នុង ព្រះពុទ្ធសាសនា លុះត្រឡប់មកផ្ទះវិញ ក៏បានប្រគល់ទ្រព្យសម្បត្តិទាំងអស់ឲ្យដល់ប្អូន ប្រុសរបស់ខ្លួនស្រេចហើយ ទើបសុំលា ប្អូនទៅបួសក្នុងសំណាក់នៃព្រះសាស្តា លុះបួសបាន៥ព្រះវស្សាហើយ លោកក៏បានចូល ទៅក្រាបថ្វាយបង្គំសុំរៀនព្រះកម្មដ្ឋាន និងព្រះសម្មាសម្ពុទ្ធ បន្ទាប់មកក៏បានថ្វាយបង្គំ លាព្រះអង្គទៅបំពេញ សមណធម៌នៅក្នុងទីដ៏ស្ងាត់មួយកន្លែង ព្រមជាមួយព្រះភិក្ខុសង្ឃ ជាបរិវារប្រមាណ៦០អង្គ ។ ព្រះថេរៈលោកមានសេចក្តីព្យាយាមយ៉ាងខ្លាំងខ្លាបំផុត ក្នុងការបដិបត្តិធម៌ លោកបានតាំងចិត្តសច្ចាធិដ្ឋានថា អាត្មាអញនឹងមិនសឹងរហូត៣ខែ នៅក្នុងរដូវភ្លៀងនេះ ។

ក្នុងវស្សានោះ រោគក្នុងភ្នែកក៏បានកើតឡើងដល់ព្រះថេរៈ ។ គ្រូពេទ្យបានមកជួយ ព្យាបាលរក្សារោគប្រគេនព្រះថេរៈ ហើយបានអារាធនានិមន្តឲ្យព្រះថេរៈសឹងបន្តក់ថ្នាំ ចូលតាមភ្នែក ។ តែព្រះថេរៈលោកមិនព្រម សឹងបន្តក់ថ្នាំតាមគ្រូទេព្យប្រាប់់សោះ ព្រោះលោកបានតាំងចិត្តស្រេចហើយថានឹងមិនសឹងរហូត៣ខែ ។ អាស្រ័យហេតុនេះ ហើយ រោគភ្នែកនោះក៏រឹងរិតតែកំរើក រកាំឈឺផ្សាជាខ្លាំងឡើងៗ រាល់ៗថ្ងៃ ។ មិនយូប៉ុន្មានភ្នែកទាំងសង្ខាងរបស់ព្រះថេរៈក៏បានបែកធ្លាយខ្វាក់ ងងឹតមើលអ្វីលែង ឃើញទាំងអស់ព្រមជាមួយគ្នានឹងការបានសម្រេច ជា ព្រះអរហន្តសុក្ខវិបស្សកៈ ។

លុះដល់ថ្ងៃបវារណាចេញព្រះវស្សាហើយ ព្រះថេរៈបានចំរើនពរលាពួកញាតិ ញោមឧបាសិកាដើម្បីនឹងទៅគាល់ព្រះបរម សាស្តាដែលព្រះអង្គប្រថាប់គង់នៅក្នុង វត្តជេតពនមហាវិហារ ទៀបក្រុង សាវត្ថី ។

នៅក្នុងរាត្រីនៃបច្ចឹមយាមក្រោយពេលដែលភ្លៀងឈប់ធ្លាក់ហើយ ព្រះថេរៈបាន ដើរចង្ក្រមទៅមកៗជាន់សត្វមេភ្លៀងស្លាប់អស់ជាច្រើន ព្រោះលោកមើលមិនឃើញ និងមិនមានចេតនាគិតនឹងសម្លាប់សត្វទាំងនើផងដែរ ។

ស្អែកឡើងពេលព្រឹក ស្រាប់តែមានភិក្ខុអាគន្តុកៈជាច្រើនអង្គបានចូលទៅមើល កន្លែងព្រះចក្ខុបាលត្ថេរ ហើយឃើញមេភ្លៀងស្លាប់ជាច្រើន នៅក្នុងទីចង្រ្កមរបស់ ព្រះថេរៈបានត្មះតិះដៀលព្រះថេរៈ ដោយប្រការផ្សេងៗ ហើយបាននាំយករឿងនោះ ទៅក្រាបទូលដល់ព្រះសាស្តា ។

ព្រះសាស្តាទ្រង់ត្រាស់នឹងភិក្ខុទាំងនោះថា ម្នាលភិក្ខុទាំងឡាយ! មរណចេតនា គឺចេតនាគិតនឹងសម្លាប់មិនមានឡើយ ចំពោះព្រះថេរៈដែលជាព្រះ អរហន្តខីណាស្រព ។

ភិក្ខុអាគន្តុកៈទាំងនោះ បានក្រាបទូលសួរព្រះពុទ្ធជាម្ខាស់ថា បពិត្រព្រះ ដ៏ចំរើន! ព្រះចក្ខុបាលត្ថេរ ជាព្រះអរហន្តខីណាស្រព ចុះហេតុអ្វីបានជាខ្វាក់ ភ្នែក? ។

ព្រះសាស្តាទ្រង់ត្រាស់សម្តែងពីអតីតនិទានថា កាលពីអតីតកាល ព្រះថេរៈលោក ធ្លាប់ធ្វើជាគ្រូពេទ្យ មើលជម្ងឺភ្នែក ។ សមួយថ្ងៃមួយលោកគ្រូពេទ្យនោះ បានទៅ ព្យាបាលជម្ងឺឲ្យស្ត្រីម្នាក់ នៅតាមជនបទ ។ ស្រីនោះបានសន្យាជាមួយគ្រូពេទ្យថា បើលោកគ្រូពេទ្យអាចរក្សាព្យាបាលជម្ងឺ ភ្នែកនាងឲ្យខ្ញុំបានជាភ្លឺដូចដើមវិញនោះ នាងខ្ញុំ ព្រមទាំងកូនប្រុសស្រីនឹងធ្វើ ទាសីចាំបំរើលោកគ្រូពេទ្យ ។

លុះគ្រូពេទ្យរក្សាភ្នែកនាងជាដូចដើមហើយ នាងបែរជានិយាយកុហក គ្រូពេទ្យថា លោកគ្រូភ្នែករបស់នាងខ្ញុំ ឥឡូវនេះ មិនទាន់ជាទេ វារឹតតែឈឺ លើសជាងពីដើមទៅទៀត ព្រោះនាងមិនចង់ទៅនៅបំរើលោកគ្រូពេទ្យនោះ ឯង ។

ចំណែកឯគ្រូពេទ្យបានឮស្រីនោះនិយាយកុហកដូច្នេះហើយ មានចិត្តក្រោធខឹង ខ្លាំងណាស់បានយកថ្នាំពិសមកឲ្យនាងលាប ធ្វើឲ្យភ្នែករបស់នាងខ្វាក់ទាំងសង្ខាងមើល អ្វីលែងឃើញទាំងអស់ ។ ព្រោះបាបកម្មដែលព្រះ ថេរៈបានធ្វើឲ្យស្រីនើខ្វាក់ភ្នែកនេះឯង បានជាព្រះថេរៈត្រូវទទូលនូវបាបកម្ម នោះវិញគឺត្រូវខ្វាក់ភ្នែកនៅក្នុងជាតិនេះ នៅក្នុង ទីបញ្ចប់នៃអតីតនិទានព្រះ អង្គត្រាស់ព្រះគាថានេះថាៈ


មនោបុព្វង្គមា ធម្មា មនោសេដ្ឋា មនោមយា មនសា ចេ​
បទុដ្ឋេន ភាសិតិ វា ករោតិ វា តតោ នំ ទុក្ខមន្វេតិ ចក្កំវ វហតោ បទំ ។

ធម៌ទាំងឡាយមានចិត្តជាធំ មានចិត្តប្រសើរបំផុត សម្រេចមកពីចិត្ត បើបុគ្គល មានិត្តត្រូវទោសប្រទូសរ៉ាយហើយ ទោះបីនិយាយក្តី ធ្វើក្តី (ក៏អាក្រក់ដែរ) ព្រើអំពើអាក្រក់ នោះឯងហើយ សេចក្តីទុក្ខរមែងដេញជាប់តាមក្រោយបុគ្គលនោះ ដូចជាកង់រទេះ វិលតាមស្នាមជើងគោដែលអូសនឹមរទេះយ៉ាងដូច្នោះដែរ ៕

សូមអនុមោទនាទាញយកហ្វាលៈ Pdf
សូមអនុមោទនាទាញយកហ្វាលៈ Word

នត្ថិ សន្តិ បរំ សុខំ !

ពុំមានសេចក្តីសុខណា ស្មើនឹងសេចក្តីស្ងប់ឡើយ !

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s