ប្រមាទ និងមិនប្រមាទ


សេចក្តីមិនប្រមាទ គឺការមិនធ្វេសស្មារតី ជាផ្លូវនៃអមតនិព្វាន សេចក្តីប្រមាទ គឺការធ្វេសស្មារតី ជាផ្លូវនៃមច្ចុ គឺការស្លាប់ កើត-កើតស្លាប់ ជនទាំងឡាយណាមិនប្រមាទ ជនទាំងនោះឈ្មោះថាមិនស្លាប់ ជនទាំងឡាយណាប្រមាទ ជនទាំងនោះឈ្មោះថាដូចជាស្លាប់ស្រេចទៅហើយ ។

បទកាកគតិ

+រីក្តីប្រយ័ត្ន                   មិនឲ្យភ្លាំងភ្លាត់             វិបត្តិស្មារតី
-ជាផ្លូវអម្រឹត                វិសិដ្ឋឥតភ័យ                ឥតទុក្ខសោកអ្វី
កើតមានទៀតឡើយ ។

+រីក្តីប្រហែស                ស្មារតីភ្លេចធ្វេស           គំនិតតោះតើយ
-ជាផ្លូវមច្ចុ                    ស្លាប់ឥតស្បើយ           ឥតកោះឥតត្រើយ
វិលកើតវិលស្លាប់ ។

+នរូអ្នកណា                 មានចិត្តក្លៀវក្លា             ប្រញឹកប្រញាប់
-ខំប្រឹងប្រព្រឹត្ត             ពិតតាមធម៌ច្បាប់          អ្នកនោះទោះស្លាប់
ហើយដូចនៅរស់ ។

+នរូអ្នកណា                 អាប់ឥតប្រាជ្ញា              ប្រមាទស្រស់ៗ
-ភ្លេចភ្លាត់ស្មារតី          រាល់ថ្ងៃទាំងអស់            អ្នកនោះនៅរស់
ដោយដកដង្ហើម ។

+ព្រះពុទ្ធទ្រង់ប្រាប់       ថាដូចជាស្លាប់              ស្រេចហើយគួរខ្ពើម
-ទោះបីនៅរស់             ដោយសារដង្ហើម          អ្នកលោកឆ្អើម
ស្ទើរក្អួតចង្អោរ ។

+ជនផងគួរគិត             គួរផ្ចង់គំនិត                  គួរកាត់គួរកោរ
-គួរគេចចៀសរាង       គួររាងគួរស្ងោរ              រំងាស់ចិត្តចោរ
លួចប្លន់កុសល ។

+យើងជាសាមញ្ញ         នៅមានក្តីក្នាញ់             គ្នាន់ខឹងរចល់
-ក៏ពិតមែនហើយ         ប៉ុន្តែកុំខ្វល់                    គួរប្រឹងតម្កល់
ចិត្តកុំប្រមាទ ។

+គួរប្រុងប្រយ័ត្ន            ស្មារតីកុំភ្លាត់                 កុំភ្លេចឳវាទ
-អ្នកប្រាជ្ញទាំងឡាយ    មានព្រះជាអាទិ៍             កុំឲ្យឃ្លៀងឃ្លាត
ចាកធម៌សុចរិត ៕

សម្តេចព្រះសង្ឃរាជ ជួន ណាត

នត្ថិ សន្តិ បរំ សុខំ !

ពុំមានសេចក្តីសុខណា ស្មើនឹងសេចក្តីស្ងប់ឡើយ !

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s