គុណម្តាយ

អាត្មាភាពសង្ឃឹមថាៈ កំណាព្យនេះអាចជួយតាស់តឿនសតិសម្បជញ្ញៈ ដល់ប្អូនៗឬបងៗដែលមានមាតាបិតាជាទីស្រលាញ់ មិនត្រូវភ្លេចនូវអំពើដ៏ល្អរបស់ពួក គាត់ដែលខំប្រឹងប្រែងដើម្បីតែកូនៗ ទោះបីពួកគាត់ធ្វើអ្វីៗគ្រប់យ៉ាងក៏ដើម្បីកូនៗ ។ បើចង់ដឹងអត្តន័យកាន់តែច្បាស់សូមអាននូវកំណាព្យនេះចុះ ។ បើអានហើយគិតនឹង ពិចារណាស្ទើរស្រាក់ទឹកនេត្រា….។

បទពាក្យ៧

+រសៀលរសៀករសើបកាយ                            រសាត់រៀងអាយរសាយចិត្ត
-រសាប់រសល់ខ្វល់គំនិត                                     អំពល់ពេកពិតគិតគុណម្តាយ ។

+ព្រះពាយហើរហោះផ្លោះសារគរ                      រសាត់ផាត់មកក៏អំពីឆ្ងាយ
-បក់ផាត់រលកបោកបែកខ្ចាយ                           បក់ផាត់រូបកាយឲ្យក្លាយឃ្លាត ។

+នឹកឃើញគ្រាដើមដង្ហើមដក់                           ទ្រូងតឹងដង្ហក់ចុកចង្អៀត
-ចុកឆ្អល់ពុះឆ្អែតហេតុតែឃ្លាត                          ហេតុខ្លួនឃ្លាតញាតិឃ្លាតអតីត ។

+ស្រណោះនៅនាគ្រាក្មេងវ័យ                           ម្តាយធ្លាប់ពរបីបមថ្នមស្និទ្ធ
-ចិញ្ចឹមបុត្រភ្ញាជាលោហិត                                 ជាឈាមម៉ែពិតផ្តិតជាប់ទ្រូង ។

+ស្រណោះកាលកូនទើបកើតកាយ                   ក្តីស្នេហ៍អ្នកម្តាយលើកដំបូង
-ហូរឈាមលោហិតចិត្តបេះដូង                         ហូរចេញពីទ្រូងជាទឹកដោះ ។

+ទឹកដោះម្តាយថ្លៃស្មើជីវិត                                ជាទឹកអម្រឹតជាចិត្តស្មោះ
-ទោះរតនៈក្នុងលោកទាំងអស់                          ថ្លៃពុំស្មើសោះនឹកដោះម្តាយ ។

+ពេលនៅកៀកកិតឥតនឹកនា                      ពេលឃ្លាតពីគ្នាទើបនឹកស្តាយ
 -ពេលរស់ជួបជុំខ្វល់ខ្វាយ                              ពេលបាត់រូបកាយទើបស្តាយក្រោយ ។

+នៅតូចទោះម៉ែទៅណាក្តី                                តែងផ្ញើចំណីនំមកឲ្យ
-ទៅណាកូនឳបតោងពីក្រោយ                          ម៉ែលួងមិនឲ្យតាមទៅផ្សារ ។

+នឹកឃើញនៅតូចតែងឳបក                             ពេលសប្បាយអរក្នុងគ្រួសារ
-ពេលមានជំងឺឈឺម្តងណា                                 ម៉ែចាំរក្សាការពារថែ ។

+អនុស្សាវរីយ៍ពីអតីត                                        តាមលងដួងចិត្តឲ្យឥតល្ហែ
-ទំហំធំធេងនៃគុណម៉ែ                                      គឺជាចិត្តស្នេហ៍ចំពោះកូន ។

+កូនសុខចិត្តម៉ែក៏សុខដែរ                                 កូនទុក្ខចិត្តម៉ែក្រៀមស្រពោន
-ក្តីនឿយលំបាកទុក្ខបាត់សូន្យ                           ពេលបានឃើញកូនជាមនុស្សល្អ ។

+ចិត្តម៉ែត្រជាក់ជាងសែងចន្ទ                             ចិត្តម៉ែសំខាន់ព្រោះជាធម៌
-បំភ្លឺទ្វីបលោកឲ្យស្រស់ល្អ                                ដូចដួងចន្ទចរពេញបូរមី ។

+ពាក្យម៉ែមានន័យថា “មាតា”                           បង្កើតសត្តាក្នុងលោកិយ
-បង្កើតមនុស្សសត្វមេឃទឹកដី                           បង្កើតអ្វីៗក្នុងលោកនេះ ។

+ជីវិតម៉ែជាជីវិតកូន                                          ម៉ែគឺជាក្បូនកូនឆ្លងជិះ
-ស៊ូលំបាកខ្លួនឲ្យកូនចេះ                                   ក្រោមថ្ងៃក្តៅឆេះភ្លៀងរងារ ។

+ម៉ែប្រឹងធ្វើការកាយលំបាក                              ទោះក្រតោកយ៉ាកម៉ែពុះពារ
-លុយកាក់ម៉ែខំសន្សំវា                                      ផ្ញើជូនកូនភ្ញាអស់ពីចិត្ត ។

+ទ្រូងម៉ែគឺពិតជាជម្រំ                                       ជម្រកឧត្តមនៃជីវិត
-ទឹកដោះម៉ែពិតជាលោហិត                               ចិញ្ចឹមជីវិតកូនគ្រប់គ្នា ។

+សមុទ្រមេឃាឃើញធំធេង                              ធំខ្ពស់ឆ្ងាយវែងលែងគណនា
 -ចិត្តម្តាយគិតកូនគ្រប់វេលា                               ធំជាងមេឃាមហាសមុទ្រ ។

+មហាមេឃធំពេកពិតឥតមាន                          ជនណាហោះធ្យានឆ្លងដល់ផុត
-ប្រៀបដូចគុណម្តាយថ្លៃបរិសុទ្ធ                        ធំខ្ពស់ឆ្ងាយផុតនឹងឆ្លងបាន ។

+សែងចន្ទត្រជាក់ភ្លឺយ៉ាងណា                           គង់មិនភ្លឺថ្លាថ្លៃប៉ុន្មាន
-ជាងចិត្តអ្នកម្តាយដ៏កណ្យាណ                          ត្រជាក់សុខសាន្តជាងឋានចន្ទ ។

+សែងចន្ទភ្លឺបានត្រឹមរាត្រី                                 ពេលថ្ងៃគ្មានន័យលែងសំខាន់
-គុណម្តាយមានន័យជាងដួងចន្ទ                       ព្រោះម្តាយសំខាន់គ្រប់វេលា ។

+ឈប់ទៅមនុស្សលោកឈប់សំពះ                   ឈប់គោរពព្រះនោសួគ៌ា
-ឈប់ជឿព្រះជាម្ចាស់នានា                               ព្រះពិតគឺជាម៉ែនេះហើយ ។

+ព្រះបង្កើតលោកគឺម៉ែឪ                                   មិនមែនព្រះនៅឋានសួគ៌ាឡើយ
-ព្រះពិតឋិតនៅជិតបង្កើយ                                ម្តេចមនុស្សតោះតើយមិនដឹងដាន ។

+ឳ!ម៉ែអើយ…ម៉ែ!ម៉ែមានគុណ                         គុណម៉ែធំធ្ងន់ពន់ប្រមាណ
-ជាតិណាកូនសងគុណម៉ែបាន                          បុណ្យបួសប៉ុន្មានសូមបានដល់ម៉ែ ៕

ពីកូន ឆោមបុត្រ ច័ន្ទ ឆាយា ជាសមណសិស្សនៃពុទ្ធិកវិទ្យាល័យ រ័ត្ន សារឿន

ដក់ស្រងចេញពីសៀវភៅកំណាព្យក្រោមពន្លឺច័ន្ទ

នត្ថិ សន្តិ បរំ សុខំ !

ពុំមានសេចក្តីសុខណា ស្មើនឹងសេចក្តីស្ងប់ឡើយ !

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s