+មើលសន្សើម ដែលស្រក់ដក់ផ្សើមលើដើមស្មៅ
-ចិត្តកូននឹក ឃើញទៅដល់តំណក់ញើសឈាមឳ
-ដែលហូរទៅ ចេញមកក្រៅព្រោះតែត្រូវកម្តៅថ្ងៃ ។
+សន្សើមស្រក់ រយលានតំណក់ច្រើនក្រាស់ក្រៃ
-គង់មិនច្រើន ជាងតំណក់ញើសដ៏ថ្លៃថ្លា
-មានតម្លៃ ហួសឧបមេយ្យហូររាល់ថ្ងៃពីប្រាណឳ ។
+ទឹកសន្សើម ផ្តល់ជាដង្ហើមដល់ដើមស្មៅ
-ដល់ដើមផ្កា ឲ្យរីកស្រស់ថ្លាត្រៀបត្រាតាមដងផ្លូវ
-រាល់រដូវ មុននឹងត្រូវរញ៉មស្វិតក្រៀមស្រពោន ។
+ញើសឳពុក ហូរនាំក្តីសុខមកឲ្យកូន
-ដូចជាទឹក ដែលហូរនាំទៅនូវទូកក្បូន
-សណ្តោងកូន សណ្តូនកល់ឲ្យដល់ត្រើយ ។
+ផ្កាញញឹម ពេលព្រឹកព្រលឹមខ្យល់រហើយ
-កូនបានសុខ ព្រោះញើសឳពុកហូរឥតស្បើយ
-កូនសុខហើយ មិនគួរឡើយភ្លេចនឹកដល់ញើសឈាមពុក ។
+ញើសរហាម ហូរស្រក់ដក់ដាមតាមស្នាមនៃផ្ទៃមុខ
-ញើសឈាមហូរ ឳពុកប្តូរទោះត្រូវទ្រាំទ្រនឹងទុក្ខ
-គុណឳពុក កូនចាំទុកនៅក្នុងចិត្តគ្រប់អាត្មា ។
+ក្រមាឳ ពុកទុកនៅនែបនិត្យជាប់កាយា
-ពុកជូតញើស ដែលស្រក់ហូរជោរហៀរជន់មកកាលណា
-បានក្រមា ចិន្តាពុកបានល្ហើយស្បើយល្ហែខ្លះ ។
+ក្រមាពុក ទុកគ្រាន់ជូតញើសដែលហូរជោរជោកថ្ងាស
-ពេលក្តៅហត់ ឬនឿយលំបាកព្រោះខ្លួនចាស់
-បានស្បើយខ្លះ ព្រោះក្រមាបក់ឲ្យល្ហែបែរបានល្ហើយ ។
+ពេលរងារ ពុកទាញវាដែលធ្លាប់ទ្រាប់ធ្វើជាខ្នើយ
-មកដណ្តប់ ជាប់គ្របប្រាណបានល្ហែបែរល្ហើយ
-ក្រមាអើយ មានអ្នកហើយក្នុងចិត្តពុកបានកក់ក្តៅ ។
+កូនឪពុក ច្រើននាំទុក្ខច្រើនជាងសុខមកឲ្យឪ
-ជាអ្នកនាំ ឪ្យញើសពុកហូរជាហៀរជោរចេញមកក្រៅ
-រួចរកផ្លូវ ទៅនៅសុខស្រណុកសាន្តប្រាណអាត្មា ។
+សីតុណ្ហភាព យប់ស្ងាត់ជ្រាបចុះទន់ទាបតិចអង្សា
-ស្មើណេះម្លេះ ឪពុកលោកលូករាវរកកូនក្រមា
-គ្របកាយា ក្នុងចិន្តាបាត់បង់នូវភាពឯកោ ។
+គួរឲ្យខ្មាស ក្រមាពុកកូនមានមុខដែលកើតមក
-កូនមិនបាន ថែប្រាណពុកឬជូតញើសដែលស្រក់ហូរ
-ញើសពុកជោរ ហូរជន់លិចជីវិតកូនគ្រប់ៗគ្នា ។
+សន្សើមស្រក់ សូរតក់ៗដក់នៅតាមធាងចេកជ្វា
-ភ្លឺផ្លេកៗ ឆ្លុះពីមេឃដួងតារារោមចន្រ្ទា
-ពេញពសុធា មានគួរនាហាក់ដូចវាជាគ្រាប់ពេជ្រ ។
+កូននឹកឪ ពេលដែលមើលទៅឃើញចុងស្មៅចាំងតិចៗ
-ចន្ទលើមេឃ សន្សើមដីឆ្លុះរស្មីរំលេច
-ភ្លឺព្រេចៗ ជាគ្រាប់ពេជ្រដែលរីកលើចុងស្មៅ ៕
ពីកូន ឆោមបុត្រ ច័ន្ទ ឆាយា ជាសមណសិស្សនៃពុទ្ធិកវិទ្យាល័យ រ័ត្ន សារឿន
ដក់ស្រងចេញពីសៀវភៅកំណាព្យក្រោមពន្លឺច័ន្ទ
នត្ថិ សន្តិ បរំ សុខំ !
ពុំមានសេចក្តីសុខណា ស្មើនឹងសេចក្តីស្ងប់ឡើយ !
សូមអនុមោទនាចែករំលែកអត្ថបទនេះទៅដល់មិត្ររបស់អ្នកនៅលើ Facebook ផង!
តើ ពុទ្ធិកវិទ្យាល័យ រ័ត្ន សារឿន ស្ថិតនៅឯណាដែរ តេជគុណ ?
ពុទ្ធិវិទ្យាល័យ រ័ត្ន សារឿន ស្ថិតនៅខណ្ឌសែនសុខ សង្កាត់ភ្នំពេញថ្មី រាជធានីភ្នំពេញ ខាងកើតចំការព្រីង ។ ជួនពរសំណាងល្អណា!
បើអាត្មាភាពរចនាទៅហើយខុសត្រង់ណាឬអត្ថបទដែលផ្សាយហើយមិនសមរម្យត្រង់កន្លែងណាមួយ សូមជួយកែរតម្រូវផង ។ សូមអរគុណទុកជាមុន!
សូមអរគុណ!