>>> គតិលោកច្បាប់ទូន្មាន០១



>>> តម្រាគតិលោកនេះ គឺខ្ញុំបាទឧកញ៉ាសុត្តន្តប្រីជាឥន្ធ អ្នកតែងឡើងដើម្បីកុលបុត្រ អ្នករៀនគតិបុរាណ ជាបែបយ៉ាង គ្រាន់អាងសេចក្តីប្រៀននាំយកប្រារព្ធគតិលោកថ្មី ដែលកើតឡើង ទើបតាំងពាក្យបុច្ឆា និងពាក្យវិសជ្ជនា ក្នុងតម្រានេះ ជាទីសណ្តាប់ដោយងាយ ។
ដើមឡើងកូនសិស្សសួរគ្រួថាៈ

បុច្ឆាៈ សូមទានមេត្តាប្រោស ពាក្យដែលថាៈ គតិលោកនោះ តើប្រែដូចម្តេច?
វិសជ្ជនាៈ គ្រួប្រាប់ថា គតិលោកនោះ ប្រែថាៈ ដំណើរប្រព្រឹត្តទៅរបស់ជនក្នុងលោកិយនេះឯង ។

បុច្ឆាៈ លោកសព្ទនេះ តើអធិប្បាយជាពាក្យសម្រាយថា ដូចម្តេច?
វិសជ្ជនាៈ ឳ! លោក ជាសភាវៈ ដែលកើតឡើងដោយអំណាចបដិសន្ធិនៃខន្ធ គឺថាសភាវៈមិនទៀង ដោយមិនជាប់នៅ មិនប្រាកដ ជាអទស្សនភាព១ទៀតប្រែថា សត្វ ផែនដី ផ្ទៃ មេឃ អាកាស ទូទៅទាំងអស់ លោកនោះប្រែថា ធម្មតាសត្វ ឬ របស់ដែលប្រព្រឹត្តទៅក្នុងលោក ឯគតិសព្ទនោះ ប្រែបានច្រើនយ៉ាង គឺថាដំណើរទៅ គ្រឿងដល់ គ្រឿងដំណើរបទ សេចក្តីកម្លាំងអំណាច ផ្លួវទីពឹងអត់ធន់ចិត្ត កំណើត ពាក្យឯណា ហេតុឯណា វត្ថុណា ដែលកើតឡើង មានឡើងក្នុងលោកនេះ ហៅ គតិលោកទាំងអស់ ។

បុច្ឆាៈ លោកនេះមានតែ១ ឬមានច្រើនយ៉ាងតទៅទៀត?
វិសជ្ជនាៈ លោកនេះ បើយោគយកគតិធម៌មកសម្តែងទៅទៀតនោះ មានច្រើនយ៉ាងតទៅ គឺអារម្មណ៍ទាំងពួងមានរូប ដែលឃើញនឹងភ្នែកជាដើមនោះ ហៅថា កាមលោក រូប ដែលឃើញដោយចិត្តជាដើមនោះ ហៅថា រូបលោក ដោយហោចទៅយ៉ាងសព្វសារពើទាំងពួងបណ្តាដែលមានចិត្តគ្រប់គ្រងព្រមនៅក្នុងសភាវប្បញ្ញត្តិ ។

បុច្ឆាៈ លោកយើងនេះ ហៅថា មនុស្សលោក ឯខាងស្ថានទេវតានោះ ហៅថា ទេវលោក ហើយចុះដូចជា មនុស្សលោកយើងនេះ បែងចែកចេញជាស្ថានមានប៉ុន្មានជាន់ ស្ថានទេវលោកនោះ តើមានប៉ុន្មានជាន់ដែរ?
វិសជ្ជនាៈ សត្វក្នុងមនុស្សលោកយើងនេះ បែងចេញជា២ជាន់ គឺសត្វតិច្ឆាន១ជាន់ មនុស្ស១ជាន់ រួមក្នុងលោកជាមួយគ្នា ។ ឯសត្វក្នុងបរលោក បែងជា ២ស្ថាន គឺ នរក ប្រេត អសុរកាយ១ស្ថាន ទេវតាក្នុងឆកាមាវចរសួគ៌១ស្ថាន រូបព្រហ្ម១ស្ថាន អរូបព្រហ្ម១ស្ថាន នៅក្នុងលោកខាងមុខទាំងអស់ សត្វក្នុងមនុស្សលោកជាពួកមានកាយគ្រោតគ្រាត សត្វក្នុងទេវលោកជាពួកមានកាយទិព្វខ្លះ ដែលពុំមានកាយជាពួកសោយអារម្មណ៍ជាទិព្វខ្លះ ដែលប្រាសចាករូបខ្លះ ។

បុច្ឆាៈ សត្វលោកទាំងពួងដែលនឹងកើងឡើងនោះ គឺអាស្រ័យធម្មជាតិអ្វីឲ្យកើត ដែលកើតនោះ តើដូចគ្នា ឬខុសគ្នា?
វិសជ្ជនាៈ សត្វលោកទាំងពួងដែលនឹងកើតនោះ អាស្រ័យដោយបុញ្ញាភិសង្ខារខ្លះ តែចំណែក ខាងមនុស្សលោកនេះ ប្រកបដោយអារម្មណ៌ ដែលជាឧតុនិយម និងពិជនិយម កម្មនិយម ៣ប្រការផងគ្នា ។
-ឧតុនិយម បានខាងឯរបស់ធាតុ គឺជាតិដី ថ្ម ក្រួសរវានផ្សេងៗ ។
-ពិជនិយម បានខាងរុក្ខជាតិ តិណជាតិ ស្មៅ វល្លិ៍ផ្សេងៗ ។
-កម្មនិយម បានខាងបសាទរូបដែលជ្រួតជ្រាបទៅក្នុងកាយសត្វជាដើម ព្រមទាំងវេទនាសញ្ញាសង្ខារវិញ្ញាណ ដែលប្រព្រឹត្តទៅក្នុងទ្វារទាំង៦ រួមអារម្មណ៍ ៣ប្រការនេះ ផ្សំចូលគ្នាជារាងកាយ ទើបបានសត្វទាំងពួងក្នុងមនុស្សលោក ។ ឯចំណែកទេវលោកនោះ មានតែអារម្មណ៍ ដែលជាផលនៃកម្មម៉ាង គឺឧបបាតិកៈ កំណើត ១ទៀត ឯផែនដី ដែលជាទីអាស្រ័យទៅរបស់សត្វ និងរាងកាយរបស់សត្វ និងសារពើទាំងពួងក៏កើតអំពីកម្មនិយមទាំងអស់ ។ មនុស្សលោកជាហេតុ ទេវលោកជាផលសម្រាប់ក្តីរស់នៅរបស់លោកទិព្វ ។ ទេវលោកជាហេតុ មនុស្សលោកជាផលសម្រាប់ក្តីរសនៅរបស់មនុស្សលោក ។

បុច្ឆាៈ សត្វលោក ដែលកើតមកជាមនុស្សយើងហេតុអ្វីក៏ខុសគ្នា?
វិសជ្ជនាៈ ការដែលប្លែកគ្នានោះ ព្រោះសង្ខារតាក់តែងដោយអំណាចបុណ្យ និងបាប ដែលសត្វ កសាងមកអំពីបុព្វជាតិ សត្វទាំងឡាយ បណ្តាដែលមានចិត្តគ្រប់គ្រងនៅជាដើមនេះ ក៏ជាធម៌ និងលោកផ្សំគ្នា ដូចយ៉ាងធាតុទង់ហ៊្វាដែលជារបស់កើតអំពីធាតុមាស និងទង់ដែងផ្សំគ្នាដូច្នោះ សត្វទាំងឡាយផ្សេងគ្នាក៏ព្រោះធម៌ និងលោកដែលផ្សំគ្នានោះមានចំណែក តិច ច្រើនផ្សេងគ្នា ដូចយ៉ាងសាច់ទង់ហ៊្វា ដែលផ្សំគ្នា ព្រោះធាតុទង់ដែងដែលផ្សំគ្នា និងធាតុមាសនោះ តិចច្រើនជាងគ្នាយ៉ាងនោះឯង ចូលចិត្ត ឬទេ បើពុំចូលចិត្ត យើងនឹងញែកកាយ ញែកចិត្ត ចេញជាលោក ជាធម៌ ឲ្យយល់ក្នុងកាលឥឡូវនេះ ។

បុច្ឆាៈ ពុំទាន់ចូលចិតសព្វគ្រប់ទេ និមន្តលោកគ្រូម្ចាស់ ញែកឲ្យទានស្តាប់បាន?
វិសជ្ជនាៈ អើឯងចាំស្តាប់ហ៎ា! ពណ៌លឿងៗដែលឆ្លុះទៅក្នុងសាច់ទង់ហ្វានោះ ជាជាតិមាស ពណ៌ក្រហមមួយៗក្នុងសាច់ទង់ហ៊្វានោះ ជាជាតិទង់ដែង មានឧបមាយ៉ាងណា ចិត្តរបស់សត្វដែលមានសេចក្តីចេះដឹងនោះ ជាជាតិធម៌ ឯកាយ ឬអារម្មណ៍របស់សត្វ ដែលប្រាសចាកក្តីចេះដឹងនោះ ជាជាតិលោក ទើបពុំស្លាប់ តែកាយ ឬអារម្មណ៍ជាជាតិលោកទើបត្រូវស្លាប់ជាធម្មតា មាសបរិសុទ្ធក្នុងសាច់ទង់ហ៊្វានោះ ពុំមែនទង់ហ៊្វា គឺជាមាសចំណែក១ផ្សេង ដូចគ្នាយ៉ាងនោះឯង ហេតុនោះទើប សត្វលោកកើតឡើងខុសគ្នាដោយអំណាចផ្សំធាតុ គឺបុញ្ញាភិសង្ខារដែលជាបុណ្យ និងអបុញ្ញាភិសង្ខារដែលជាបាប ។

នត្ថិ សន្តិ បរំ សុខំ !

ពុំមានសេចក្តីសុខណា ស្មើនឹងសេចក្តីស្ងប់ឡើយ !

2 comments on “>>> គតិលោកច្បាប់ទូន្មាន០១

  1. សូម​ដាក់​អត្ថបទគតិលោកឲ្យបានច្រើន ខ្ញុំពិតជាចូលចិត្តអានខ្លាំងណាស់! អរគុណ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s