>>> គតិលោកច្បាប់ទូន្មាន០១ (ត)




បុច្ឆាៈ ករុណា លោកគ្រូអធិប្បាយមកនេះ ក៏ដូចជាគតិច្រើនៗ ខ្ញុំព្រះករុណា ស្តាប់បានហើយ តែខ្ញុំព្រះករុណាត្រូវការចង់ដឹង ចង់ចេះតែក្នុងគតិលោក ១ចំណែកសូមទានអត់ទោស មនុស្សយើង សព្វថ្ងៃនេះ ពុំដូចគ្នានោះ ព្រោះសាងមកខុសគ្នា ហើយតាមគតិធម៌ តែខាងគតិលោកៗយោគជាដូចម្តេចវិញ ដូចៈ
-មនុស្សខ្លៅល្ងង់នោះ តើកើតដោយហេតុអ្វី?
-មនុស្សឥតមិត្រសម្លាញ់នោះ តើកើតឡើងដោយហេតុអ្វី?
-មនុស្សឥតក្តីសុខនោះ តើកើតឡើងដោយហេតុអ្វី?
សូមលោកគ្រូម្ចាស់អធិប្បាយឲ្យទានគតិលោកពិតៗ ។
វិសជ្ជនាៈ ឳរឿងនោះ បើនឹងនិយាយដោយគតិលោក ក៏ឃើញថា មនុស្សល្ងង់នោះ មិនពីព្រោះហេតុអ្វីទេ ព្រោះតែសេចក្តីខ្ជិលប៉ុណ្ណោះឯង ដូចបទក្នុងគម្ពីរលោកនីតិថាៈ


អលសស្ស កុតោ សិប្បំ
អសិប្បស្ស កុតោ ធនំ
អធនស្ស កុតោ មិត្តំ
អមិត្តស្ស កុតោ បុញ្ញំ
អបុញ្ញស្ស កុតោ សត្តំ ។

ប្រែថាៈ សិល្បសាស្ត្រចំណេះវិជ្ជា មានមកអំពីទីណាដូចម្តេចបានដល់អ្នកខ្ជិល សេចក្តីខ្ជិលនោះមាននៅហើយ ទាំងពួកពុំអាចមានដល់មនុស្សឡើយ បើចំណេះមិនមានហើយ ទ្រព្យសម្បត្តិនឹងកើតមានមកអំពីទីណាដូចម្តេចបានកាលបើទ្រព្យសម្បត្តិមិនមាន ហើយធ្វើម្តេចឡើយនឹងមានមិត្រសម្លាញ់គេរាប់អាន គឺថាពុំមានបុគ្គលឯណាមួយនឹងចូលមកជាមិត្រជាភ័ក្តជាពួកឡើយ កាលបើមិនមានមិត្តភ្ងាហើយ សេចក្តីសុខសប្បាយឯណាក៏មាននឹងមានតែសេចក្តីទុក្ខលំបាកជាប្រក្រតី កាលបើមានតែទុក្ខលំបាកហើយ ចិត្តគិតកសាងមគ្គផលកុសលសីលទាននឹងគេឯណាមាន កាលបើពុំមានកុសលបុណ្យទាន ហើយធ្វើម្តេចឡើយនឹងបានសម្បត្តិសួគ៌និព្វាននឹងគេ ហេតុដូច្នេះ បានជាសេចក្តីខ្ជិលនេះ ជានិវរណធម៌ ហាមមិនឲ្យបានប្រយោជន៍ក្នុងលោកនេះ និងលោកខាងមុខឯងចូលចិត្តចុះ ។

បុច្ឆាៈ ករុណា ខ្ញុំព្រះករុណាចូលចិត្តហើយ ប៉ុន្តែដែលព្រះករុណាម្ចាស់ថា ចំណេះវិជ្ជានោះ គឺសិល្បវិជ្ជាអ្វីដែលជាវិសេសលើសវិជ្ជាទាំងពួងក្នុងលោកនេះ?
វិសជ្ជនាៈ អើ! រឿងសព្វវិជ្ជានោះ គឺវិជ្ជាអក្សនេះឯង ជាវិជ្ជាវិសេសលើសវិជ្ជាទាំងអស់ក្នុងលោក តែងប្រជុំចុះក្នុងវិជ្ជាអក្សរចំណែក១ ទាំងអស់ព្រោះវិជ្ជាអក្សរនេះ ជាវិជ្ជាដំបូងជាងវិជ្ជាទាំងពួង ប្រៀបដូចកែវសម្រាប់ឆ្លុះមើលវត្ថុទាំងពួង បើវិជ្ជាអក្សរនេះកើតវិបត្តិវបល្លាសទៅកាលណាហើយ វិជ្ជាទាំងពួងក៏ពុំអាចតាំងនៅបាន ព្រោះពុំមានទីចំណាំទៅបាន ហេតុនោះទើបថា វិជ្ជាអក្សរនេះវិសេសលើសជាងវិជ្ជាទាំងពួង ។

មួយទៀត អ្នកពុំចេះអក្សរនោះប្រៀបដូចជាបុគ្គលមានចក្ខុងងឹតនឹងមើលនូវរូបបារម្មណ៍ទាំងពួងមិនឃើញ អ្នកដែលចេះអក្សរនោះប្រៀបដូចបុគ្គលមានចក្ខុបរិបូណ៌ និងចង់មើលអ្វីក៏អាចមើលបានទូទៅ ។

បុច្ឆាៈ ករុណា ដែលលោកគ្រូម្ចាស់អធិប្បាយថា អ្នកពុំចេះអក្សរប្រៀបដូចមនុស្សខ្វាក់ អ្នកដែលចេះអក្សរថា ដូចជាបុគ្គលបរិបូណ៌ដោយចក្ចុប្បសាទ បទពីរយ៉ាងនេះ ខ្ញុំព្រះករុណាស្តាប់បាន តែពុំសូវយល់សេចក្តីសព្វគ្រប់ សូមនិមន្តលោកគ្រូម្ចាស់ អធិប្បាយឲ្យបិស្តារទៀត?
វិសជ្ជនាៈ ឳ! ឯងនៅសង្ស័យអ្វីទៀត បើដូច្នេះយើងនឹងសួរឯងវិញថា មានហឹប ឬកញ្ជើ១ ដែលគេដាក់គ្រឿងមាស គ្រឿងប្រាក់ គ្រឿងស្ពាន់លាយចូលគ្នា ហើយឲ្យមនុស្សខ្វាក់មើល តើមនុស្សខ្វាក់នោះ អាចយល់ស្គាល់របស់របស់ទាំងអស់នោះបាន ឬទេ អាចដឹងថាវត្ថុនេះជាមាស វត្ថុនោះជាប្រាក់ ជាស្ពាន់ ឬទេ?

បុច្ឆាៈ ករុណា ធម្មជាតិមនុស្សខ្វាក់នោះ ពុំអាចនឹងមើលយល់ស្គាល់បានឡើយ មនុស្សដែលមានចក្ចុប្បសាទបរិបូណ៌ ទើបមើលយល់ស្គាល់បាន ។
វិសជ្ជនាៈ អើដូចគ្នាមនុស្សខ្វាក់ មើលវត្ថុពុំយល់ស្គាល់ជាមាស ជាប្រាក់នោះ លោកប្រៀបដូចជាមនុស្សពុំចេះអក្សរ អ្នកពុំចេះអក្សរ ទុកស្មើនឹងមនុស្សខ្វាក់ អ្នកចេះអក្សរទុកស្មើនឹងមនុស្សបរិបូណ៌ដោយចក្ខុប្បសាទ ។

-មួយទៀត វិជ្ជាអក្សរនេះ ទុកស្មើនឹងភ្នែកទិព្វ មាត់ទិព្វក៏បាន ដូចយ៉ាងសព្វតម្រាទាំងពួង មានតម្រាភូមិសាស្រ្ត តម្រាពង្សាវតារជាដើម ជារបស់បុរាណកន្លងទៅយូរហើយ យើងចេះអក្សរបានអានមើល ក៏អាចដឹងរឿងរ៉ាវបាន និយាយប្រាប់គ្នីគ្នាបានយ៉ាងនេះ ទុកស្មើយើងមានភ្នែកទិព្វ ។

-មួយទៀត យើងនៅស្រុកនេះ នឹងនិយាយ ឬប្រាប់កិច្ចការ ឬចង់ដឹងការអ្វិៗអំពីបែបអ្នកស្រុកឯនោះក្តី ប្រើតែអក្សរទៅ គេក៏បានដឹងច្បាស់ វិជ្ជាអក្សរនេះអាចចារឹកពាក្យសម្តីបានសព្វប្រការ តម្កល់ទុកនៅអស់កាលអង្វែង ។

-មួយទៀត បើបានចេះខាងអក្សរ លោកអ្នកប្រទេសក្រៅ មានអក្សរសៀម ឬអក្សរបារាំងសែសជាដើមផង ក៏រឹតតែកើតចំណេះជាភិយ្យោភាព អាចដឹងវិធីក្នុងប្រទេសនោះៗបានទូទៅ ដូចអ្នកមានកូនសោអាចចាក់សោបើកហិបមើលរបស់ក្នុងហិបនោះបានដោយងាយៗ កើតបញ្ញាក្លាហានព្រោះបានដឹងក្បួនខ្នាតបែបផែន ក្រៅស្រុក ក្នុងស្រុកមិនសង្ស័យ ហេតុនោះទើបយើងពោលថា សព្វវិជ្ជាទាំងពួងក្នុងលោកនេះ សឹងមានទីរៀនចប់ទៅបាន តែវិជ្ជាអក្សរមួយនេះ ជាវិជ្ជារៀនពុំចេះចប់ព្រោះជាវិជ្ជាវិសេសលើសវិជ្ជាទាំងពួងក្នុងលោកនេះ គួរឯងចូលចិត្តចុះ ។

បុច្ឆាៈ ករុណា ខ្ញុំករុណាស្តាប់បាន ចូលចិត្តហើយ ចុះវិជ្ជាអ្វីទៀត ដែលជាវិជ្ជាបន្ទាប់រងវិជ្ជាអក្សរនេះទៅ?
វិសជ្ជនាៈ វិជ្ជាលេខជាវិជ្ជាបន្ទាប់រងពីវិជ្ជាអក្សរនេះលេខ និងអក្សរ ជាវិជ្ជារួមនៅជាមួយគ្នា ។

បុច្ឆាៈ សូមទាន ចុះវិជ្ជាទាំងអស់ក្នុងលោកនេះ បុគ្គលឯណារៀនចេះចាំបានហើយ សឹងនាំមកនូវប្រយោជន៍ដល់បុគ្គលនោះៗបានទទួលសេចក្តីចម្រើនដូចម្តេច ឬមានវិជ្ជាឯណាមួយជាសឹកសត្រូវ ដល់បុគ្គលអ្នកចេះនោះខ្លះដែរ?
វិសជ្ជនាៈ វិជ្ជាក្នុងលោក ចាត់ជាពីរប្រការ គឺៈ
-ទុវិជ្ជាប្រការ១
-សុវិជ្ជាប្រការ១

-វិជ្ជាណាដែលបុគ្គលចេះដឹង ហើយសម្តែងឡើង ធ្វើឡើង អាចនឹងនាំមកនូវសេចក្តីទុក្ខ សេចក្តីវិនាស ផលប្រយោជន៍ដល់បុគ្គលដទៃផង ដល់អាត្មាឯងផងយ៉ាងនោះ ហៅថា ទុវិជ្ជា ។

-វិជ្ជាណាដែលបុគ្គលសម្តែងឡើង ធ្វើឡើងហើយ អាននឹងនាំមកនូវសេចក្តីសុខ សេចក្តីចម្រើនដល់បុគ្គលដទៃផង ដល់អាត្មាផងយ៉ាងនេះ វិជ្ជានោះឈ្មោះថា សុវិជ្ជា ។

-បុគ្គលឯណាទ្រទង់នូវចំណែកសុវិជ្ជា បុគ្គលនោះទទួលសេចក្តីសុខ សេចក្តីចម្រើនសួស្តីមង្គល បុគ្គលឯណាទ្រទង់នូវចំណែកទុវិជ្ជា បុគ្គលនោះទទួលសេចក្តីទុក្ខទោស សេចក្តីវិនាស ។ សុវិជ្ជាជាគុណដល់អ្នកចេះដឹង ទុវិជ្ជាជាទោសដល់អ្នកដែលទ្រទ្រង់នោះ ។

នត្ថិ សន្តិ បរំ សុខំ !

ពុំមានសេចក្តីសុខណា ស្មើនឹងសេចក្តីស្ងប់ឡើយ !

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s