>>> គតិលោកច្បាប់ទូន្មាន០១ (ត)



បុច្ឆាៈ===== សូមទានអត់ទោសចុះ បុគ្គល្លខះមានវិជ្ជាចំណេះខ្ពស់ហើយ តែធ្លាក់់ខ្លួនចុះចាកវិជ្ជានោះវិញ ទទួលតែសេចក្តីទុក្ខទោសគចហានិន្ទា វិជ្ជាដែលចេះដឹងហើយប្រើវិញពុំបានយ៉ាងនេះ គឺហេតុអកុសលអ្វី?
វិសជ្ចនាៈ===== អ្នកនោះ មានវិជ្ជាខ្ពង់ខ្ពស់ល្អហើយ តែធ្វើឲ្យវិជ្ជាប្រើពុំបានវិញនោះ ព្រោះ ឥតមាយាទ ឥតក្តីហិរិឧត្តប្បៈ គ្មានខ្មាសបាប ខ្លាចបាប ប្រព្រឹត្តខ្លួនទៅតាមគតិមនុស្សពាលផ្សេងៗយ៉ាងបុគ្គលនោះឯង ទើបត្រូវទទួលក្តីទុក្ខទោស គរហានិន្ទាគ្រប់ប្រការក្នុងលោកនេះ ។

បុច្ឆាៈ===== ចុះមនុស្សយើងធ្វើខ្លួនឲ្យបរិសុទ្ធនោះ តើត្រូវប្រព្រឹត្តយ៉ាងណា?
វិសជ្ជនាៈ===== ឯការដែលនឹងធ្វើនុវខ្លួនឲ្យបរិសុទ្ធនោះ តោងឲ្យចម្រើននូវសេចក្តីសុខដល់អ្នកដទៃ ទើបខ្លួនបានទទួលសេចក្តីបរិសុទ្ធនោះ បើឲ្យទុក្ខគេហើយ ក្តីទុក្ខនោះឯងនឹងមានដល់ខ្លួនវិញមិនខាន ខ្លួនឯងនឹងទទួលក្តីបរិសុទ្ធុឯណាបាន ។

បុច្ឆាៈ===== មនុស្សយើងដែលលោកសន្មតហៅថាមនុស្សល្អនោះ តើមានអាការកិរិយាយ៉ាងណា ដែលហៅថាមនុស្ស អាក្រក់នោះ តើមានអាការកិរិយាយ៉ាងណា?
វិសជ្ជនាៈ===== មនុស្សដែលល្អនោះ គឺមនុស្សណាប្រកបដោយក្តីសុចរិត ៣ប្រការ គឺកាយសុចរិត១, វចីសុចរិត១, ហើយនឹងមនោសុចរិត១ ប្រព្រឹត្តខ្លួនជាបុគ្គលប្រដៅងាយ មានហិរិឧត្តប្បៈជាជញ្ជាំង ឬកំផែងបិទបាំងកាយមិនឲ្យក្តីអកុសលធម៌ចូលញ៉ាំញីខ្លួនបានយ៉ាងនេះ មនុស្សនោះឯងហៅថា មនុស្សល្អបាន មនុស្សប្រកបដោយក្តីទុច្ចរិត ៣ប្រការ គឺកាយទុច្ចរិត១, វចីទុច្ចរិត១ ហើយនឹងមនោទុច្ចរិត១ ប្រព្រឹត្តខ្លួនជាបុគ្គលប្រដៅក្រ ពុំមានហិរិឧត្តប្បៈ ធម៌បិទបាំងកាយ ហើយផ្សាយចិត្តក្នុងការអកុសលផ្សេងៗវង្វេងដោយគតិពាលពិត មនុស្សយ៉ាងនេះឯងហៅថា មនុស្សអាក្រក់ក្នុងលោកយើងនេះ ។

បុច្ឆាៈ===== សុមទានមេត្តាប្រោស ពាក្យសុភាសិតប្រដៅថា ឲ្យវៀរក្តីរកស៊ីក្នុងការមិច្ឆាជីវៈឲ្យរកស៊ីតាមផ្លូវសម្មាជីវៈ ផ្លូវមិច្ឆាជីវៈនោះដូចម្តេច ផ្លូវសម្មាជីវៈនោះដូចម្តេច?
វិសជ្ជនាៈ===== ឳ! ផ្លូវមិច្ឆាជីវៈនេះ គឺប្រកបការរកស៊ីខុសគន្លងធម៌ មានលក់ដូរគ្រឿងសស្ត្រាប្រហារជីវិតសត្វជាដើម មានលក់ដូរថ្នាំបំពុលជាបរិយោសាន ព្រមទាំងប្រព្រឹត្តធ្វើជាបន្ទាលកោង ទាំងឆឆក់កហក់គេដោយឧបាយ ដោយគំនិតកោងផ្សេងៗ ការរកស៊ីខុសគន្លងធម៌នោះហៅថា មិច្ឆាជីវៈ គឺចិញ្ចឹមជីវិតខុសនឹងទទួលទុក្ខទោសមនុស្សផ្សេងៗ ឯការរកស៊ីជាផ្លូវសម្មាជីវៈនោះ គឺវៀរបង់ផ្លូវមិច្ឆាជីវៈនេះឯង ហៅថាចិញ្ចឹមដោយធម៌ ឈ្មោះថាសម្មាជីវៈ មួយទៀតត្រូវរៀរផ្លូវដែលមហាក្សត្រទ្រង់ហាម ដូចយ៉ាងគយដារដែលរាជការតាំង ហើយទៅប្រព្រឹត្តកន្លងព្រះរាជអាជ្ញាយ៉ាងនេះប្រការ១, ត្រូវវៀរផ្លូវល្បែងផ្សេងៗ មានល្បែងជល់ ជល់ត្រី ជាដើមនេះប្រការ១ ត្រូវវៀរល្បែងស្រី ល្បែងស្រា រៀរសេពគប់ភឿនពាលនាំដើរលេងយប់ ស្វែងមើលល្បែងផ្សេងៗមានល្បែងច្រៀងរាំជាដើមយ៉ាងនេះប្រការ១ ។

បុច្ឆាៈ===== សូមទាន ការត្រាច់យល់នោះ មានទោសយ៉ាងណាខ្លះ?
វិសជ្ជនាៈ===== ឳ! ការដែលដើរលេងយប់នោះ មានទោស៥ ប្រការគឺៈ
១-ដើរទៅហើយខាងផ្លូវរវាំងរក្សាផ្ទះ ទីលំនៅខ្លួនជួនប្រពន្ធកូន ឬបងប្អូនកើតហេតុដោយរោគាព្យាធិ ឬដោយហេតុឯណាមួយក្តី ចំណែកខ្លួនមិនដឹងក៏ខូចប្រយោជន៍ទៅ ជាទោស១ ។
២-ជួនកាលដើរទៅហើយ ពើបប្រទះលើសសត្វមានពិសវាចិក វាខាំ បាននូវទុក្ខវេទនា យ៉ាងនេះជាទោស១ ។
៣-ជួនដើរទៅជាន់ជើងចោរ ដែលគេដេញចោរមក អាចោរនោះវាវេះបាត់ទៅ គេឃើញឯង គេក៏ចាប់ថាជាចោរយ៉ាងនេះជាទោស១ ។
៤-ជួនដើរទៅហើយប្រទះនឹងចោរ ឬអ្នកដែលមានពៀរវេរាដល់អ្នកឯណា១ គេឃើញឯងក៏សម្គាលជាចោរ ឬថាអ្នកដែលមានពៀរនោះ គេបាញ់ចាក់សម្លាប់ទៅយ៉ាងនេះជាទោស១ ។
៥-អ្នកដើរយប់ ជាទីនាំឲ្យគេគរហានិន្ទាថាបាន គឺបើគេបាត់របស់ទ្រព្យអ្វីឯណា១ គេដិតចិត្តសង្ស័យឆ្នៃថាឯង ព្រោះឃើញថាឯងដើរលេងយប់យ៉ាងនេះជាទោស១ ។

បុច្ឆាៈ===== សូមទាន ការដែលកើតមកជាមនុស្សនេះ ត្រូវបែងកាលប៉ុន្មាន?
វិសជ្ជនាៈ===== ត្រូវបែងកាលតាមវ័យទាំង ៣ប្រការ គឺហៅថា បឋមវ័យ១ប្រការ ហៅថា មជ្ឈិមវ័យប្រការ១ ហៅថា បច្ចិមវ័យប្រការ១ ក្នុងបឋមវ័យនោះត្រូវស្វែងរករៀនវិជ្ជាសិល្បសាស្ត្រ និងចំណេះទាំងពួង លុះដល់មជ្ឈិមវ័យ គឺវេលាដែលតាំងនៅក្នុងកាលខ្លួនមានបុត្រភរិយា ហើយត្រូវប្រកបការផ្លូវរកស៊ី មានផ្លូវជួញ ផ្លូវធ្វើស្រែចម្ការជាដើម សន្សំទ្រព្យសម្បត្តិឲ្យកើតមាន លុះដល់បច្ចិមវ័យជាវ័យខាងចុង គឺខ្លួនចាស់ជរា ហើយត្រូវស្វែងរកផ្លូវកុសល គឺបរិច្ចាគទាន រក្សាសីល ចម្រើនភាវនាជាបច្ច័យរបស់ខ្លួនទៅបរលោក ។

បុច្ឆាៈ===== មាតាបិតា មានគុណូបការដល់បុត្រ បុត្រគួរ! សង្គ្រោះដោយផ្លូវប៉ុន្មានប្រការ?
វិសជ្ជនាៈ===== បុត្រត្រូវសង្គ្រោះមាតាបិតា ដែលជាបុព្វការីនោះ ដោយបទសង្រ្គោះ ៥ប្រការគឺៈ
១-ករណំ គិតថាអាត្មាអញនេះ គឺមាតាបិតលោកចិញ្ចឹមមកយូរហើយ គួរតែចិញ្ចឹមលោកវិញ ។
២-កិច្ចករណំ ការងារនៃមាតាបិតាមានត្រូវបញ្ឈប់ការងាររបស់ខ្លួនសិនទៅជួយធ្វើកិច្ចការមាតាបិតានោះ ត្រាតែបានសម្រេច ។
៣-កុលវង្សថបនំ កូនត្រូវប្រព្រឹត្តរក្សាវង្សតម្កល់វង្សត្រកូលឲ្យឋិតថេរនៅ ការកេរ្តិ៍មាតាបិតា កុំឲ្យសាបសូន្យវិនាសទៅបាន ។
៤-ទាយដ្ឋានរហបដិបជ្ជនំ កូនត្រូវបម្រើមាតាបិតាឲ្យសុចរិត តាំងចិត្តលំឳនគោរពកោតខ្លាច អាចទទួលនូវទ្រព្យមត៌ករបស់មាតា ។
៥-ទក្ខិណានុប្បទានំ បើមាតាបិតាដល់នូវមរណភាពហើយ កូនត្រូវទទួលតបគុណដោយធ្វើឈាមនកិច្ច ធ្វើបុណ្យសាងកុសលបញ្ជូនផលទក្ខិណានុប្បទានទៅមាតាបិតា ដែលលោកចែកស្ថានទៅបរលោកនោះ ។

បុច្ឆាៈ===== ប្តីសង្គ្រោះប្រពន្ធ មានប៉ុន្មានប្រការ ប្រពន្ធសង្គ្រោះប្តី តើមានប៉ុន្មានប្រការ?
វិសជ្ជនាៈ===== ប្តីសង្គ្រោះប្រពន្ធមាន ៥ប្រការគឺៈ
១-សមាននាយ ប្រដៅសព្វសារពើ ពោលពាក្យពិរោះ សរសើរដោយលក្ខណៈប្រព្រឹត្តជាប្រយោជន៍ ពោលពាក្យជាបិយវចនៈ ។
២-ឆវិមាននាយ ពុំមើលងាយជេរវាយដូច ទាសី ទាសា កម្មករឡើយ ។
៣-អនតិចរិយាយ ពុំប្រព្រឹត្តបែកចិត្តពីភរិយា មិនកន្លងចិត្តភរិយា គឺមិនមានស្ត្រីដទៃទៀតជាភរិយាឡើយ ។
៤-ឥស្សរិយវោស្សគ្គេន ប្រគល់នូវរបស់ទាំងពួង មានផ្ទះបាយជាដើម ឲ្យដល់ភរិយា ។
៥-សង្ការានុប្បទានេន ឲ្យគ្រឿងប្រដាប់មាន សំពត់ អាវជាដើម ឲ្យភរិយាដោយសមគួរ តាមបវេណី ។

នត្ថិ សន្តិ បរំ សុខំ !

ពុំមានសេចក្តីសុខណា ស្មើនឹងសេចក្តីស្ងប់ឡើយ !

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s