>>> គតិលោកច្បាប់ទូន្មាន០១ (ត)



>>>-ប្រពន្ធសង្គ្រោះប្តីមាន ៥ប្រការគឺៈ
១-វសុសំរិហិតកម្មន្តា ចាត់ចែងការងារដោយប្រពៃនិងតាក់តែងភោជនាហារ មិនឲ្យហួសពេលវេលា ។
២-សង្គហិតបរិជនា ប្រពន្ធត្រូវសង្គ្រោះដល់ជនក្នុងផ្ទះ និងញាតិខាងប្តី រាប់អានឲ្យដូចញាតិរបស់ខ្លួន ។
៣-អនតិចារិនី មិនប្រព្រឹត្តកន្លងចិត្តប្តី គឺមិនមានបុរសដទៃជាប្តីឡើយ ។
៤-សមតញ្ច អនុរក្ខត រក្សាទ្រព្យសម្បត្តិ ដែលប្តីរកបានមក មិនឲ្យអន្តរាយ ដោយការមិនគួរ ។
៥-ទក្ខាចហោតិ អនសលា ឈ្លាសក្នុងការស្ត្រី ឬមិនខ្ជិលច្រអូស ។

>>>-មាតាបិតាអនុគ្រោះបុត្រដោយបទ ៥ប្រការគឺៈ
១-បាបា និវារេន្តិ ហាមកូនចាកផ្លូវបាប គឺកុំឲ្យធ្វើបាបកម្ម ។
២-កល្យាណេ និវេសេន្តិ ញ៉ាំកូនឲ្យតម្កល់នៅក្នុងការកុសល ។
៣-សិប្បំសិក្ខា បេន្តិ ញ៉ាំកូនឲ្យសិក្សារៀនសូត្រសិល្បសាស្ត្រផ្សេងៗ ។
៤-បដិរូបេនទារេន សំយោជេន្តិ លុះកូនធំឡើងត្រូវប្រកបការរកភរិយា ដែលមានរូបមានសម្បត្តិសមគួរផ្សំឲ្យកូន គឹរៀបអាពាហ៍ពិពាហ៍ឲ្យកូន ។
៥-ទាយជ្ជំ និយ្យាទេន្តិ ប្រគល់ទ្រព្យមត៌កឲ្យក្នុងសម័យដ៏សមគួរ គឺឲ្យក្នុងនិច្ចសម័យ១ ក្នុងកាលសម័យ១ ។

>>>-បុច្ឆាៈ បុគ្គលដែលគួរយើងនឹងគោរពបូជាក្នុងលោកនេះមានប៉ុន្មានយ៉ាង?
>>>-វិសជ្ជនាៈ បុគ្គលដែលគួរនឹងបូជានោះ ចែកដោយឧក្រិដ្ឋមាន ៣យ៉ាងគឺៈ ព្រះសម្មាសម្ពុទ្ធ១, ព្រះបច្ចេកពុទ្ធ១, ហើយនិងអរិយសាវក១ ចែកដោយសាមញ្ញទៀត គឺចំណែកខាងបុព្វជិតនោះ យកគ្រូឧបជ្ឈាយាចារ្យ ជាទីគោរពបូជារបស់កូនសិស្ស១ ភិក្ខុមានវស្សាចាស់ជាទីគោរពបូជារបស់ភិក្ខុខ្ចី១ ប៉ែកខាងឃរាវាសនោះ គឺបងប្រុស បងស្រី ជាទីគោរពបូជារបស់ប្អូនៗ១ មាតាបិតាជាទីគោរពបូជារបស់កូនប្រុស ស្រី១ ស្វាមី ឪពុកក្មេក ម្តាយក្មេក ជាទីគោរពបូជារបស់ភរិយាកូនប្រសារ១ ។

>>>-បុច្ឆាៈ កើតមកជាមនុស្សក្នុងលោកនេះត្រូវធ្វើពលិកម្មប៉ុន្មានយ៉ាង?
>>>-វិសជ្ជនាៈ ឳពលិកម្មនោះមាន ៥យ៉ាងអ្នកឯងស្តាប់ចុះ ។
១-ញាតិពលិ អធិប្បាយថា បុគ្គលជាញាតិសាលោហិតរបស់ខ្លួនពិតៗ ខ្លួនគួររាប់អានជួយទំនុកបម្រុងដោយឲ្យនូវវត្ថុផ្សេងៗ មានបាយទឹកប្រាក់មាសជាដើម ។
២-អតិថិពលិ អធិប្បាយថា បុគ្គលជាភ្ញៀងទើបដល់មកកាន់ទៅលំនៅខ្លួនៗ គួរធ្វើបដិសណ្ឋារសួរទទួលរាប់អានតាមស័យ គឺឲ្យនូវបច្ច័យ មានភោជនាហារជាដើម ។
៣-បុព្វបេតពលិ អធិប្បាយថា ញាតិមិត្រឯណារស់នៅក្តីមរណភាព ទៅកាន់បរលោកហើយក្តី គួរធ្វើការកុសលឯណា១ឧទ្ទិសជូនទៅដល់ញាតិនោះ ។
៤-រាជពលិ អធិប្បាយថា រាជការរបស់មហាក្សត្រមានឡើង គួរខ្លួនទទួលរាជការ ឆ្លងព្រះតេជព្រះគុណ ឬទទួលបង់ថ្លៃរាជការ ។
៥-ទេវតាពលិ អធិប្បាយថា ពួកទេវតាទាំងឡាយបណ្ឌាដែលមានសក្តានុភាពបានជួយសង្គ្រោះដោះទុក្ខខ្លួន គួរធ្វើសក្ការបូជាដល់ទេវតាទាំងឡាយនោះ ។
ឯពិលិកានោះ គួរយើងបូជាដល់បុគ្គល ៥ជំពួកដូចសេចក្តីដែលបានអធិប្បាយមកនេះ ។

>>>-បុច្ឆាៈ ស្ត្រីយ៉ាណា ហៅថាល្អលើសស្ត្រីទាំងពួងក្នុងលោកនេះ ទឹកយ៉ាងណាជាទឹកផ្អែមឆ្ងាញ់ លើសទឹកទាំងពួងក្នុងលោកនេះ ត្រីយ៉ាងណាដែលមានរសជាតិឆ្ងាញ់ពិសារលើសត្រីទាំងពួងក្នុងលោកនេះ?
>>>-វិសជ្ជនាៈ ១-ឳ! ឯជាតិស្ត្រីល្អលើសគេនោះ បើតាមនិយាយដោយរូប គឺស្រ្តីដែលប្រកបដោយបញ្ចពិធកល្យាណីមានលម្អសក់ជាដើម តែបើនិយាយដោយធម៌ គឺស្ត្រីដែលមានសីលមារយាទល្អនោះឯង បើនិយាយដោយវោហារវិញនោះ គឺស្ត្រីប្រពន្ធគេនោះឯង ហៅថាល្អលើសលែងស្ត្រីក្នុងលោក ។ ហេតុអ្វីក៏បានជាថាល្អលើសគេនោះ ព្រោះស្ត្រីប្រពន្ធគេនោះ មានទោសខុសពីរផ្លូវ ថាបើបុរសណាទៅប្រព្រឹត្តកន្លងបវេណីនោះហើយ គឺក្នុងលោកនេះ តែគេដឹងឮហើយ គេក៏ចាប់ទៅប្តឹងដល់សាលាជំនុំៗលោកក៏ពិនិច្ឆ័យ ឬដាក់គុកធ្វើទោសផ្សេងៗ ឯខាងផ្លូវបរលោកនោះសោត ក៏បានបាប គឺធ្លាក់ទៅសោយទុក្ខវេទនា ក្នុងអបាយភូមិទាំង៤ មាននរកជាដើម ការដែលដឹងថា មានទោសយ៉ាងនេះហើយ ហេតុអ្វីបុរសលែងពុំបាន បើដូច្នោះស្ត្រីនោះមិនលលើបគេហើយហះ បានជាបុរសលែងពុំបានយ៉ាងនេះឯងហៅថាស្ត្រីល្អលើសលែងក្នុងលោក ។
២-ឯទឹកដែលផ្អែមពិសារលើសទឹកទាំងពួងនោះ គឺសុរានេះឯងមែនពិត ឯទឹកសុរាបានជាផ្អែមលើសលែងនោះ ព្រោះទឹកសុរានោះ មានអំណាចអាចហាមមិនឲ្យបិទមិនឲ្យធ្វើខ្លួនឯង តោងចេញប្រាក់ទៅទិញចិន ឯទោសផឹកសុរា គឺបង់ប្រាក់១ គឺផឹកទៅហើយកើតស្រវឹងវង្វេងចិត្តទៅប្រព្រឹត្តការជួអាក្រក់ផ្សេងៗ មានបង្កពាក្យជម្លោះប្រកែកប្រកួតជាដើម១ មានទោសធ្លាក់ទៅអបាយភូមិទាំង៤ មាននរកជាដើម១ អ្នកលេងសុរាសឹងដឹងប្រាកដថាផឹកសុរានោះជាទីនាំមកនូវសេចក្តីទុក្ខទោសទាំងអស់ តែនឹងលះលែងពុំបាន បើដូច្នោះសុរានោះមិនផ្អែមលើសគេហើយហះ បានជាមនុស្សយើងលះលែងពុំរួចយ៉ាងនេះ ។
៣-ឯត្រីដែលមានរសឆ្ងាញ់ពិសារ លើសត្រីនានានោះ គឺត្រីព្រលូងនោះឯង បានជាថាត្រីព្រលូងមានរសឆ្ងាញ់ពិសារនោះ ព្រោះដឹងថា ត្រីព្រលូងនេះ ជួនបរិភោគទៅហើយពុលក៏មាន តែនឹងលះបង់ពុំបាន បើដូច្នោះត្រីព្រលូងនោះមិនឆ្ងាញ់លើសគេហើយហះ បានជាមនុស្សលះលែងពុំបាន ។

>>>-បុច្ឆាៈ ករុណាចូលចិត្តហើយ មួយទៀតការទទួលទានសុរានោះ ហេតុអ្វីបានជាមានបាប សុរានោះទទួលទានទៅជាថ្នាំកែរោគក៏មាន ជាគុណឲ្យទទួលទានបាយបានក៏មាន សូមនិមន្តលោកគ្រូកែខៃឲ្យចូលចិត្តបន្តិចមើល ។
>>>-វិសជ្ជនាៈ ការផឹកសុរានោះ បានជាថាមានបាបព្រោះព្រះបរមគ្រូទ្រង់ហាម ពុំឲ្យសេពសុរានោះព្រោះជារបស់នាំឲ្យស្រវឹង នាំឲ្យខូចចិត្តត្បិតមនុស្សយើងសព្វថ្ងៃនេះ មានស្រវឹងនៅពេញខ្លួនហើយ សេចក្តីស្រវឹងនេះ លោភោ គឺសេចក្តីជាប់ជំពាក់ ឬចំណង់ចង់បាន នេះជាស្រវឹងប្រការ១, ទោសោ គឺសេចក្តីក្រោធខឹង នេះស្រវឹងប្រការ១, មោហោ គឺសេចក្តីល្ងង់វង្វេងពុំស្គាល់ខុសត្រូវ នេះជាស្រវឹងប្រការ១, មានទិដ្ឋិ គឺសេចក្តីរឹងត្អឹងប្រកាន់ខ្លួន អួតខ្លួន នេះជាស្រវឹងប្រការ១ ស្រវឹងទាំងអស់នេះតែងតែមាននៅក្នុងខ្លួនមនុស្សស្រាប់មកហើយៗមកថែមផឹកទឹកស្រវឹងចូលទៅទៀត ស្រវឹងថ្មីក៏នាំស្រវឹងចាស់ឲ្យមានកម្លាំងក្លាហានឡើង គឺខ្លួនអ្នកលោភក៏នាំលោភខ្លាំងឡើង ខ្លួនអ្នកទោសៈ ឬមោហៈ មានទិដ្ឋិ ក៏នាំឲ្យចម្រើនទោសៈ មោហៈ មានទិដ្ខិខ្លាំងក្លាឡើងមួយកម្រិតទៀត ពាក្យជាអាថ៌កំបាំង ឬកេរ្តិ៍ខ្មាស់ជារបស់មិនគួរនាំចេញសំដែងប្រាប់គេនោះ ក៏អាចនាំចេញបង្ហាញគេបានទាំងអស់ មួយទៀតនាំឲ្យកើតជម្លើប្រកែតជួនក៏ត្រូវព្រះរាជអាជ្ញាបង់ទ្រព្យធនទៅផ្សេងៗ មួយទៀតទោសសុរានេះ នាំឲ្យកើតរោគឆាប់ងងឹតភ្នែក ឆាប់ជរា គ្រាំគ្រា ទ្រោមទ្រុឌទោសយ៉ាងនេះឯង បានថាមានបាបក្នុងលោកនេះ មួយទៀតប្រាក់ដែលទៅទិញសុរានោះ ក្នុងមួយឆ្នាំៗ បើជាប្រមូលទុកគង់បាននៅច្រើនគ្រាន់ទុករក្សាការពារអន្តរាយក្នុងគ្រាក្រ ទុកទិញបាយត្រីចំណីឯទៀតចែកកូនប្រពន្ធអាស្រ័យជាជាង ឬឯងយល់ដូចម្តេច ។

>>>-បុច្ឆាៈ ករុណា ខ្ញុំករុណាចូលចិត្តហើយ តើជក់អាភៀន ជក់កញ្ឆានោះ តើមានទោសយ៉ាងណាខ្លះទាន?
>>>-វិសជ្ជនាៈ ឳ! រឿងជក់អាភៀនជក់កញ្ឆានោះ មានទោសប្រហែលៗ នឹងសុរានោះដែរ ឯងគិតមើលចុះសុរាអាភៀននោះ សឹងមានភាស៊ីតគេទិញដាច់មុខក្នុងស្រុកមួយៗធ្វើលក់បានតែម្នាក់ៗ ម៉្លោះហើយគេចង់ដំឡើងថ្លៃយ៉ាងណា ក៏តាមតែចិត្តគេទាំងអស់ តម្លៃនោះលើសប្រមាណឃើញចុះទុនយ៉ាងច្រើនៗបើខ្លួនទៅប្រកបគិតធ្វើឡើងបាន តែនាយភាស៊ីតគេដឹងហើយគេក៏ចាប់លក់ព្នៃតាមច្បាប់ព្រះរាជបញ្ញត្តិ ត្រូវបង់បា្រក់ធ្លាក់ដល់ទោសជាប់គុកជាប់ក្តីក្នុងលោកនេះ មួយទៀតអ្នកជក់អាភៀននោះ សព្វថ្ងៃនេះ ឯងយល់ស្រាប់ហើយ អ្នកណាមានរូបល្អខ្លះ អ្នកល្អណាគេគាប់ចិត្តខ្លះ សេចក្តីចម្រើន មានយ៉ាងណាខ្លះ គួរឯងគិតមើលចុះ ឯរឿងកញ្ឆាទៀតក៏ប្រហែលៗនឹងអាភៀនដែរ សឹងជារបស់នាំឲ្យកាយវិកលវិការ នាំឲ្យឆ្កួតចិត្ត ប្រព្រឹត្តទៅក្នុងកិរិយាទាបថោកទាំងអស់ ។

>>>-បុច្ឆាៈ ករុណា ខ្ញុំយល់ហើយទាន មួយទៀតការគួរឲ្យខ្លាចក្នុងលោកនេះ តើឲ្យខ្លាចអ្នកណាទាន?
>>>-វិសជ្ជនាៈ ឳ! ការដែលគួរឲ្យខ្លាចនោះ ក្នុងចិត្តគំនិត ឯងតើខ្លាចអ្វីសព្វថ្ងៃនេះ?

>>>-បុច្ឆាៈ ខ្ញុំព្រះករុណាសព្វថ្ងៃនេះ គឺខ្លាចស្តេច១ ខ្លាចអ្នកមានសម្បត្តិ១ យ៉ាងនេះត្រូវឬមិនត្រូវ?
>>>-វិសជ្ជនាៈ ឯងគិតខ្លាចស្តេច ខ្លាចអ្នកមានទ្រព្យសម្បត្តិនោះ មិនត្រូវទេ ខ្លាចអីស្តេចនោះ បើយើងមិនទៅប្រព្រឹត្តការឯណាឲ្យខុសនឹងព្រះរាជបញ្ញត្តិ ក្រឹត្យព្រះអាជ្ញា គឺយើងទៅធ្វើការខុស មានធ្វើចោរកម្មជាដើមនោះ ទើមព្រះមហាក្សត្រលោកដាក់ទោសទណ្ឌកម្មយើងបាន បើយើងរក្សាខ្លួនយើងឲ្យត្រឹមត្រូវតាមច្បាប់ហើយ យើងប្រព្រឹត្តកាយប្រព្រឹត្តចិត្តសុចរិតតាមព្រះរាជប្រកាសហើយ ស្តេចនោះលោកនឹងដាក់ទោសទណ្ឌកម្មយើងឯណាបាន ឯអ្នកមានទ្រព្យសម្បត្តិនោះសោត បើយើងកុំទៅខ្ចីទ្រព្យគេ យើងកុំទៅពឹងទ្រព្យគេៗនឹងមកធ្វើទោសយើងឯណាបាន ហេតុនោះទើបថាយើងមិនត្រូវខ្លាច ។

នត្ថិ សន្តិ បរំ សុខំ !

ពុំមានសេចក្តីសុខណា ស្មើនឹងសេចក្តីស្ងប់ឡើយ !

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s