>>> គតិលោកច្បាប់ទូន្មានខ្លួន ០១ (ត)


បុច្ឆាៈ
ចុះលោកគ្រូឲ្យខ្លាចមនុស្សយ៉ាងណាវិញ?
វិសជ្ជនាៈ
ត្រូវឲ្យខ្លាចមនុស្សពាលជំពួកទី១ទើបត្រូវព្រោះមនុស្សពាលក្រនឹងគេចរត់អំពីវាបានពោលនោះពុំប្រាកដថា នៅត្រង់នេះត្រង់នោះបាន ជួនណាកូនប្រពន្ធឯង បងប្អូនឯង ត្រឡប់ជាពាល វិញក៏មាន ពាលនេះរក្សាក្រពេកណាស់ កុំថាដល់ពាលខាងក្រៅនោះឡើយ តែពាល ខាងក្នុងនៅជា មួយនឹងខ្លួនក៏ពុំដឹងថាជាពាលមកដល់ថ្ងៃណា ខែណា ពេលណា ដូចប្រពន្ធ ដែលរួមសុខទុក្ខផងគ្នា ជួនណាក៏ប្រែចិត្តគិតស្អប់ប្តី ទៅស្រលាញ់ប្រុសដទៃ ប្រើសាហាយ វាឲ្យប្រហារប្តីដល់នូវសេចក្តីស្លាប់ ទៅវិញក៏មាន ។
>>> ឯរឿងនិទានប្រពន្ធសម្លាប់ប្តី រឿងបុរាណក៏មាននិយាយមកថា មានបុរសម្នាក់មានភរិយាជាទីគាប់ចិត្តនៅរួមសុខទុក្ខនឹងគ្នាអស់កាលជាយួរមកតែបុរសនោះ
មានប្អូនប្រុសម្នាក់យកមកនៅរកស៊ីជាមួយផង លុះនៅយូរមក មេប្រពន្ធនោះទៅប្រតិព័ទ្ធ ស្រលាញ់ចៅប្អូន ថ្ងៃមួយបានលួចលាក់ធ្វើស្ម័គ្រសង្វាសនឹងគ្នា ដល់ក្រោយមេនោះ និយាយញុះចៅប្អូនថ្លៃឲ្យសម្លាប់ប្តី ឯចៅប្អូនថ្លៃនោះហេតុតែជាមនុស្សលុះក្នុងអំណាច ភ្លើងរាគៈខ្លាំង ក៏លុះពាក្យញុះញង់នោះកើតទ្រុស្តមិត្រ ប្រទសុស្តបងអាត្មា ទើបកាន់ដាវទៅចាំនៅកំពង់ទឹក លុះបងទៅងូតទឹក ចៅប្អូននោះក៏ពិឃាតបង នោះដល់នូវមរណកាលកណ្តាលផ្លូវទៅ ហើយក៏បានយកគ្នាជាប្តីប្រពន្ធមក ។
>>>រឿងរ៉ាវនេះមានសេចក្តីពិស្តារក្នុងព្រះគម្ពីរសង្គហៈឯនោះ អញ្ជើញទៅមើលចុះ ។
មានរឿងមួយទៀតក្នុងកាលឥឡូវនេះ ក៏មានដូចរឿងស្ត្រីម្នាក់នៅស្រុកចក ខេត្តត្នោត ស្ត្រីនោះ ជាកូននាយជាងមាស មាតាបិតាទុកដាក់ឲ្យមានស្វាមី លុះនៅយូរមកមេនោះមានសហាយក្បត់កើតស្អប់ប្តីអាត្មា ទើបវានិយាយបញ្ឆោតប្តីនោះឲ្យទៅបោចវល្លិ៍ក្នុងព្រៃស្ងាត់ ហើយវាឲ្យសហាយនោះទៅតាមសម្លាប់ប្តីនោះចោល ។
>>>មានរឿងមួយទៀតមានមេម្នាក់ប្រពន្ធមេឃុំនៅភូមិស្រុកស្ទោងជីក្រែង ស្ត្រីនោះឯងទៅយកសហាយនឹងចៅអធិការម្នាក់់ កើតស្អប់ប្តីអាត្មា ទើបវាទៅជួលអ្នកលេងឲ្យបាញ់មេឃុំជាប្តីស្លាប់ទៅ ។ ចប់ប្រពន្ធពាល
រឿងកូនពាលវិញនោះ គឺកូនជាអវជាតិបុត្រអកតញ្ញូ ពុំដឹងគុណមាតាបិតាអាចសម្លាប់មាតាបិតា ដូចនិទានព្រះមោគ្គល្លានត្ថេរ កាលនៅក្នុងអតីតជាតិនៅឡើយ លោកកើតជាមាណពម្នាក់ លុះអំណាចមេភរិយាវាញុះឲ្យមាណពនោះនាំមាតាបិតាទៅសម្លាប់ចោលបង់ក្នុងព្រៃ មានណពនោះត្រូវទោសអនន្តរិយកម្មធ្លាក់ទៅសោយទុក្ខវេទនាក្នុងមហាអវិចិនរកអស់កំណត់ លុះដល់ភទ្ធកម្បនេះ គ្រាដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់នៃយើងបានត្រាស់ឡើង មាណពនេះបានមកកើតជាព្រះមោគ្គល្លានត្ថេរ ជាអគ្គសាវកខាងឆ្វេង ។
>>>រឿងបិតុឃាត ដូចនិទានព្រះបាតអជាតុសត្រូវទៅសេពគប់នឹងទេវទត្ត កើតមោហចិត្ត គិចចង់បានរាជសម្បត្តិព្រះវររាជបិតា ចាប់ព្រះបាទពិម្ពិសាររាជជាព្រះវររាជបិតាប្រហារជីវិតដល់នូវមរណភាពទៅ ។
រឿងនិទានទាំងអស់នេះ មានសេចក្តីពិស្តារក្នុងព្រះគម្ពីរមង្គលត្ថទីបនីឯនោះ ហេតុនោះទើបហៅថាមនុស្សពាលនោះ គួរខ្លាចក្រៃពេកណាស់ ព្រោះនៅជិតជាប់នឹងអាត្មា ពុំដឹងជានឹងកើតមកក្នុង ថ្ងៃណា នឹងគេចរត់ឲ្យផុតចេញពីវាទៅបាន ។

នត្ថិ សន្តិ បរំ សុខំ !

ពុំមានសេចក្តីសុខណា ស្មើនឹងសេចក្តីស្ងប់ឡើយ !

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s